នាព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា គ.ស. ២០២៥ សាលាខេត្តបាត់ដំបង, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការអញើញចូលរួមពីសំណាក់ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន និស្សិត និងសិស្សានុសិស្សផងដែរ ។
តាមរយៈអំណានសារលិខិតថ្វាយព្រះពរ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមវិសេសវិសាលថ្លៃថ្លាបំផុតនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧២ព្រះវស្សា យាងចូល៧៣ព្រះវស្សារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រព្រឹត្តទៅនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តបាត់ដំបង សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់យាងបំពេញនូវព្រះរាជបូជនីយកិច្ចដ៏បវរឧត្ដុង្គឧត្តមថ្លៃថ្លាដល់ជាតិមាតុភូមិនិងជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាចម្រុងចម្រើនរុងរឿងថ្កុំថ្កើងដល់ប្រជារាស្ត្រ ជាកូន ជាចៅ និងជាចៅទួតរបស់ព្រះអង្គជាភិយ្យោភាពតរៀងទៅ ៕